ខ្សែបម្រើព្រះខ័នរាជស្វាយរៀង សួន សុវណ្ណ បានបង្ហើបប្រាប់ CNCC ពីបំណងរៀនធ្វើជាគ្រូជំនួយនៅក្លិបអាជីពក្រោយចូលនិវត្តន៍ក្នុងនាមជាកីឡាករ ខណៈគម្រោងទីពីរ គឺទៅជួយបណ្ដុះបណ្ដាលយុវជននៅទឹកដីកំណើតឯខេត្តស្ទឹងត្រែង។ 

អតីតសមាជិកស៊ីម៉ាក់យូណាយធីត និងវេស្ទើនភ្នំពេញពន្យល់ថា ការហាត់រៀនពីការងារជាគ្រូជំនួយអាចជួយឲ្យគេអភិវឌ្ឍខ្លួន និងស្រូបទាញបទពិសោធបានច្រើន ហើយថា ប្រសិនបើមិនទាន់មានឱកាសបែបនេះទេ គេនឹងឈានទៅកាន់គម្រោងទីពីរ។ 

សួន សុវណ្ណ ពន្យល់ “៖ក្រោយពេលចូលនិវត្តន៍ ជាដំបូង ខ្ញុំចង់រៀនធ្វើគ្រូជំនួយតាមក្លិបអីសិនដើម្បីអភិវឌ្ឍខ្លួន និងយកបទពិសោធឲ្យបានច្រើនសិន។ ប្រសិនបើយើងមិនទាន់មានឱកាសរៀនធ្វើគ្រូជំនួយហ្នឹងទេ ខ្ញុំនឹងទៅជួយបង្ហាត់ក្មេងៗនៅស្រុកកំណើតរបស់ខ្ញុំ។”

ជាមួយគ្នានេះ ខ្សែបម្រើសម្បូរបទពិសោធលើទីលានខ្នាតតូចក៏មានបំណងប្រាថ្នាចង់ឃើញកីឡាករមានកំណើតពីខេត្តស្ទឹងត្រែងប្រលូកអាជីពនៅក្របខណ្ឌ Metfone Cambodian League កាន់តែច្រើនជាងមុនដែរ ស្របពេលបច្ចុប្បន្ន គឺមានតែរូបគេ និងខ្សែការពារអគ្គិសនីកម្ពុជា ស្រាំង ទិត្យឈី ប៉ុណ្ណោះ។ 

គួរដឹងដែរថា សួន សុវណ្ណ ផ្ដើមការលេងបាល់ទាត់កម្រិតអាជីពនៅស៊ីម៉ាក់យូណាយធីត និងវេស្ទើនភ្នំពេញ មុនចូលរួមជាមួយព្រះខ័នរាជស្វាយរៀង ឆ្នាំ២០១៨។ កាលចុងឆ្នាំ២០១៩ គេត្រូវបានជ្រើសរើសចូលបញ្ជីបឋមជម្រើសជាតិកម្ពុជាក្រោមការដឹកនាំពីអ្នកចាត់ការ Keisuke Honda ផងដែរ៕

អត្ថបទ៖ CNCC

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ